ថ្លែងក្នុងពិធីបើកពិព័រណ ចិន-អាស៊ាន លើកទី១៧ ក្រោមប្រធានបទ កសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ការធ្វើឌីជីថលនូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។ កម្ពុជានឹងដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ មានដូចជា៖
ទី១/ ការដាក់ឲ្យអនុវត្តថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ៨ ថ្ងៃក្នុងការបើកក្រុមហ៊ុនអាជីវកម្ម។
ទី២/ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ មករា ២០២១។
ទី៣/ ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
សម្តេចតេជោបញ្ជាក់ថា កម្ពុជានឹងដាក់ចេញច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានភាពទាក់ទាញតាមរយៈការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើវិស័យឧស្សាហកម្មអេឡិចត្រូនិកបង្គំ កសិឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធឌីជីថល៕