លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ជាខេត្តមានមូលដ្ឋានរឹងមាំ និងអាចធ្វើជាគម្រូដឹកនាំឧស្សាហូបនីយកម្ម។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក ហែម វណ្ណឌី បានលើកឡើងថា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងអាចធ្វើជាគម្រូដឹកនាំឧស្សាហូបនីយកម្ម ដោយផ្តោតលើការកែលម្អឧស្សាហកម្មប្រពៃណី ពិសេសរោងចក្រវាយនភ័ណ្ឌ, ការទាក់ទាញឧស្សាហកម្មថ្មី ដូចជារោងចក្រផលិតគ្រឿងបង្គុំ និងឧបករណ៍អេឡិចត្រូនិក, និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ជាខេត្តលំដាប់ទី២ ដែលមានរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។ជាក់ស្តែង ពើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានរោងចក្រសរុបប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ កម្មការិនីជាង ២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ ៩០ភាគរយ ជាជនជាតិចិន។នេះបើតាមលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីពេលថ្មីៗនេះ។

ចំណែកខេត្តព្រះសីហនុវិញជាខេត្តសក្តានុពលមួយរបស់កម្ពុជានាទិសនារតី គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ខេត្តព្រះសីហនុមានរោងចក្រជាង២០០រោងចក្រ ដែលមានទុនវិនិយោគប្រមាណជាង២ពាន់លានដុលល្លារ។
ក្នុងចំណោមរោងចក្រជាង២០០ នោះ មានក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ មាន ២១៥រោងចក្រ និងមានកម្មករជាង ៣៨.០០០នាក់ ហើយនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥៥រោងចក្រ មានកម្មករ ប្រមាណជាង ៥០.០០០នាក់។នេះបើតាមការបញ្ជាក់ពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។