គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦០B សាងសង់សម្រេចបាន ៤៤,៣១% ហើយ។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
សម្តេចធិបតី បានលើកឡើងទៀតថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
សូមបញ្ជាក់ដែរថា ស្ពាននេះ មានប្រវែង ១,៧៦១ គីឡូម៉ែត្រ និងទទឹង១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់៕អត្ថបទ៖ រង្សី