ក្រុមហ៊ុនដាំដុះចេកអំបូងរបស់ក្រុមហ៊ុនGreen Island Agricultural Co.,Ltd ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បាននាំចេញទិន្នផលជាង២ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ។

យោងតាមបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុនដាំដុះចេកអំបូងរបស់ Cambodian Banana Agricultural Co.,Ltd គឺជាក្រុមហ៊ុនដាំដុះចេកអំបូងរបស់ក្រុមហ៊ុន Green Island Agricultural Development (Cambodia) Co.,Ltd ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយមានកម្មករបម្រើការជិត ៦០០នាក់ និងបុគ្គលិកការិយាល័យជនជាតិខ្មែរ ៩នាក់ ព្រមទាំងបរទេស ២៩នាក់ ។
សម្តេចធិបតីបន្តថា កន្លងមក ក្រុមហ៊ុនបាននាំចេញទិន្នផលចំនួន ២២០០០តោន ទៅកាន់ទីផ្សារសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Green Island Agriculture Development Co.,Ltd. ជាក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៦ លើផ្ទៃដី១៣០០០ហិកតា ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងវិនិយោគលើដំណាំជាច្រើន ដែលជាការរួមចំណែកក្នុងមួយវិស័យកសិកម្មរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆមាស១ឆ្នាំ២០២៤មកនេះ ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦លានតោន មានការកើនឡើងជាង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយរកចំណូលបានជាង២,៨ពាន់លានដុល្លារ។ កសិផលរបស់កម្ពុជា ភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម៕



