ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធដាក់ឱ្យដំណើរការនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការបានឱ្យដឹងថា គណៈកម្មការត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រ ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ក្រសួងសារធារណការ និងគណៈកម្មការពាក់ព័ន្ធ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធី របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
នាឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យសមាជិកសមាជិកា គណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំពិធីបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានម៉ឺងម៉ាត់តាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការរៀបចំពិធីអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ដែរថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ចំណតផែកុងតឺន័រ ដែលមានប្រវែង២៥៣ម៉ែត្រ ត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ចំនួន១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ៕ អត្ថបទ៖ រង្សី