គណៈប្រតិភូចិនសៀងហៃ បានបង្ហាញការចាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា និងលើកទឹកចិត្តការនាំចេញទៅកាន់ទីផ្សារសៀងហៃ តាមរយៈយន្តការដែលមានស្រាប់ និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce)។
ការបង្ហាញចំណាប់អារម្មណ៍របស់គណៈប្រតិភូចិនសៀងហៃ នៅក្នុងជំនួបរវាងលោក ជូ មីញហាវ (Zhou Minhao) ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ ជាមួយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ អ្នកឧកញ៉ា លឹម ហេង លើកឡើងថា សៀងហៃ គឺជាទីក្រុងសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ចិន លើវិស័យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង កម្មន្តសាល។អ្នកឧកញ៉ា ក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។
ទន្ទឹមនឹងនេះដែរ រាដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពជំរុញ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា បានជំរុញលើកទឹកចិត្តវិនិយោគិនចិនឲ្យវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលពោរពេញទៅដោយកាលានុវត្តភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់។ វិនិយោគិនបរទេស អាចបណ្តាក់ទុនវិនិយោគ ១០០% និងទទួលបានការលើកទឹកចិត្តកម្រិតខ្ពស់ ព្រមទាំងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក។លើសពីនេះ ចិននិងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងសេរីចិនអាស៊ាន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ។
ជាការឆ្លើយតប លោក ជូ មីញហាវ (Zhou Minhao) បានលើកឡើងអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។ ក្នុងន័យនេះ លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា និងលើកទឹកចិត្តការនាំចេញទៅកាន់ទីផ្សារសៀងហៃ តាមរយៈយន្តការដែលមានស្រាប់ និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce)។
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់៣,៥ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ៦០,៤៤ភាគរយនៃប្រភពទុនសរុបដែលកម្ពុជាទទួលបាន។នេះបង្ហាញថាចិននៅតែជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕