គណៈប្រតិភូធុរកិច្ច ដែលមកពីក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (CPIT Shanghai) ប្រទេសចិន បានពិភាក្សាលើការពិនិត្យលទ្ធភាពផ្សព្វផ្សាយអំពីការវិនិយោគឯកជន ពិសេសលើវិស័យទេសចរណ៍ និងកិច្ចការពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងទីក្រុងសៀងហៃ។

នេះបើយោងតាមជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយលោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai – CPIT Shanghai) និងសហការី នារសៀលថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសរំលេចអំពីវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ដូចជា ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយានយន្ត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម។ លោកបានបន្ថែមថា CDC ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងរីករាយរង់ចាំផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិនដែលមានបំណងស្វែងយល់អំពីសក្ដានុពលកម្ពុជាមុននឹងឈានដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ។
ថ្លែងក្នុងជំនួបនោះ លោក Zhou Minhao តំណាងឱ្យប្រតិភូធុរកិច្ចចិន បានលើកឡើងថា ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។
ក្នុងនោះដែរ គណៈប្រតិភូធុរកិច្ចចិន ក៏បានលើកឡើងអំពីគោលបំណងក្នុងការជួយផ្សព្វផ្សាយនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី របស់ CDC ក្នុងការគ្រប់គ្រងគម្រោងវិនិយោគ និងបានបង្ហាញឆន្ទៈក្នុងការសហការរៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជនរវាងកម្ពុជា-សៀងហៃ នៅក្នុងទីក្រុងសៀងហៃ ដើម្បីជាការគាំទ្រដល់កាងារវិនិយោគរវាងគ្នាផងដែរ៕ អត្ថបទ៖ រង្សី



