ទស្សនាវដ្តី Newsweek មានគោលបំណងជួយផ្សាយពីសក្ដានុពលប្រទេសកម្ពុជា ទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី Newsweek បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល​រយ:ពេល១ឆ្នាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈលោកអះអាងថា ទស្សនាវដ្តី​ Newsweek ក៏មានគោលបំណងជួយផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាងទស្សនាវដ្តី Newsweek ថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី​ Newsweek បាន​ចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​សុខសុវត្ថិភាព​នៅកម្ពុជា ក៏ដូចជាភាព​រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា​ ព្រមទាំងបានអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលសម្រេចបាននូវ​សមិទ្ធផល​ជាច្រើន​ក្នុងរយៈពេល១ឆ្នាំ រួមមាន​ជាអាទិ៍៖​ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការកែលម្អបរិយាកាសវិនិយោគឱ្យតែល្អប្រសើរ នៅកម្ពុជា​។

ទន្ទឹមគ្នានេះ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា ទស្សនាវដ្តី Newsweek មានគោលបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក​។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណចំពោះទស្សនាវដ្តី Newsweek ដែលបានចាប់អារម្មណ៍ក្នុងការជួយផ្សព្វផ្សាយអំពីទិដ្ឋភាព​ជាក់ស្តែង​ និងសក្តានុពលកម្ពុជា​ ប្រកបដោយតុល្យភាពទៅកាន់ពិភពលោក និងបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ក៏ប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្ត កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធានាអោយបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលធនមនុស្ស ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាការធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយភាពទាក់ទាញជាដើម៕ អត្ថបទ៖រង្សី