៧ខែមកនេះ កម្ពុជាទទួលបានជើងហោះហើរជាង៣ម៉ឺនជើង ខណៈអ្នកដំណើរជាង៣លាននាក់

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល ៧ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានជើងហោះហើរតាមផ្លូវអាកាសប្រមាណ៣ម៉ឺនជើង ខណៈមានអ្នកដំណើរចេញ-ចូលឆ្លងកាត់ជាង៣លាននាក់។នេះបើតាមរបាយការណ៍អាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតចាប់ពីដើមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ-សៀមរាប-ព្រះសីហនុ មានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានជាង ៣ម៉ឺនជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានជាង ៣លាននាក់ និងទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានជាង ៤២លានគីឡូក្រាម។

របាយការណ៍ខាងលើបានបន្តថា ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរចេញ-ចូល មានជាង២លាននាក់ កើនឡើងប្រមាណ ១៨,០៣% ខណៈចំនួនជើងហោះហើរមាន ១៩.៨៨៧កើនឡើងប្រមាណ ១២,៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ចំណែកឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនអ្នកដំណើរចេញ-ចូលជាង៧១ម៉ឺននាក់ កើនឡើងប្រមាណ ៣៧% ខណៈជើងហោះហើរមាន ៧.៧៩០ជើង កើនឡើងប្រមាណ ២៧%។ រីឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុវិញ មានអ្នកដំណើរជាង៣ម៉ឺននាក់ កើនឡើងប្រមាណ ១២,៨៣% ខណៈជើងហោះហើរមាន ១.០៤៨ជើង កើនឡើងប្រមាណ ៣,៧៦%។

គួរបញ្ជាក់ថា បើប្រៀបធៀបរយៈពេល ៧ខែ ឆ្នាំ២០២៤ ទៅនឹងរយៈពេល ៧ខែ ឆ្នាំ២០២៣ ឃើញថា ចំនួនជើងហោះហើរមានការកើនឡើងប្រមាណ ១៣%, សម្រាប់ចំនួនអ្នកដំណើរកើនឡើងប្រមាណ ២០% និងសម្រាប់ចំនួនទំនិញតាមផ្លូវអាកាស កើនឡើងប្រមាណ ៤៤%៕