រោងចក្រផលិតសំបកកង់រថយន្តតម្លៃជាង១០០លានដុល្លារ នៅខេត្តក្រចេះ ដែលសាងសង់កាលពីឆ្នាំ២០២៣ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី០៦ កញ្ញា ខាងមុខនេះ។នេះបើតាមការឱ្យដឹងពីលោក រ៉ា ថន អភិបាលខេត្តក្រចេះ។

លោក រ៉ា ថន បានឱ្យដឹងនៅលើបណ្តាញហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា នេះជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តយើង! ឆ្នាំ២០២៣ ចាប់ផ្តើមសាងសង់ ហើយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ នឹងរៀបចំពិធីសម្ពោធបើកឱ្យដំណើរការផលិតកម្មជាផ្លូវការ រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) ក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុកស្នួល។

សូមបញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) មានទីតាំងនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុកស្នួល ខេត្តក្រចេះ។រោងចក្រនេះ មានទុនវិនិយោគប្រមាណជាង១០០លានដុល្លារ មានសមត្ថភាពផលិតសំបកកង់រ៉ាឌីកាល់បាន ៨,៥លានក្នុងមួយឆ្នាំ។
សូមជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដ ៣ កំពុងដំណើរការរួមមាន១.ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd , ២.ក្រុមហ៊ុន Sailun Group Co Ltd និង៣.ក្រុមហ៊ុនផលិតសំបកកង់ Qingdao Doublestar Group៕



