ហ្វីលីពីន ស្នើកម្ពុជាបន្តពង្រឹងអនុស្សារណៈយោគយល់បង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានលើកសំណើទៅកាន់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងការបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើឡើងបែបនេះរបស់លោកស្រីនៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក ឌិត ទីណា បានស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនិងម្រេចទៅប្រទេសហ្វីលីពីន។ លោក ក៏បានណែនាំឱ្យភាគីហ្វីលីពីនសហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។

នាឱកាសនៃជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ក៏បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក ឌិត ទីណា បានគូសបញ្ជាក់ចំពោះសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្មឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផលដែលមានគុណភាពល្អ ប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ៕