គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីរួមគ្នាដោះស្រាយនូវកង្វល់នានារបស់វិនិយោគិន ពិសេសវិនិយោគិនជប៉ុន ដើម្បីជំរុញកំណើនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
កិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឡើងកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងជប៉ុនជាច្រើនទៀត។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កិច្ចប្រជុំនេះបានស្ដាប់ និងចូលរួមស្វែងរកដំណោះស្រាយជូនដល់គ្រប់បណ្ដាវិនិយោគិនមិនគ្រាន់តែសម្រាប់វិនិយោគិនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិនិយោគិនពីបណ្ដាប្រទេសផ្សេងៗទៀតដែលបានជឿទុកចិត្តរាជរដ្ឋាភិបាលដោយសម្រេចបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ លោកថា វឌ្ឍនភាពនៃការវិនិយោគឯកជនរយៈពេល១ឆ្នាំ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល និងកិច្ចខិតខំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅដល់ការសម្រួលកិច្ចការងារវិនិយោគក៏ត្រូវបានរំលេចឡើងនៅក្នុងអង្គប្រជុំនេះផងដែរ។
ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចូលរួមដោះស្រាយនូវកង្វល់នានារបស់វិនិយោគិន ដែលបានលើកឡើងដោយវិនិយោគិនជប៉ុន ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងកម្ពុជា និងជប៉ុនកន្លងមក រហូតបានធ្វើឱ្យវេទិកាកិច្ចប្រជុំនេះ ក្លាយជាយន្តការគម្រូដែលនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ជាមួយបណ្ដាប្រទេសផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម សន្តិសុខ និងធនធានមនុស្ស។ កិច្ចប្រជុំនេះដែរ គឺជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា៕ អត្ថបទ៖ រង្សី