សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងមួយឆ្នាំរាជរដ្ឋាភិបាល បានផ្តល់ថវិកាប្រមាណ ២៩០០លានរៀល ជូនដល់គណៈមេធាវីកម្ពុជា ដើម្បីជួយការពារក្តីជូនជនក្រីក្រ ស្រ្តី និងក្មេងស្រីក្រីក្រដែលរង់គ្រោះ។
សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរង ហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានឱ្យដឹងថា៖« ក្នុងមួយឆ្នាំរាជរដ្ឋាភិបាល បានផ្តល់ថវិកាប្រមាណ ២៩០០លានរៀល ជូនដល់គណៈមេធាវីកម្ពុជា តាមរយៈកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ ចំនួន២ ៦០០លានរៀល និងកញ្ចប់ថវិការបស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ចំនួន ៣០០លានរៀល សម្រាប់ជួយការពារក្តី និងពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និងក្មេងស្រីក្រីក្រដែលរង់គ្រោះ ក្នុងអំពើហឹង្សាផ្លូវភេទ និងអំពើបំពានលើសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី»។
គួរបញ្ជាក់ដែរថា នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ នៅតែបន្តផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដដែល ក្នុងនោះរាជរដ្ឋាភិបាលបានចាត់ចែងមេធាវី ជួយដល់ជនរងគ្រោះពីការឆបោក បញ្ហាដីធ្លី ស្រ្តីមេម៉ាយ និងករណីមួយចំនួនបន្ថែមទៀត ខណៈកន្លងមក មានមេធាវីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានជួយសម្រួលដោះស្រាយវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋបានយ៉ាងច្រើនផងដែរ៕ អត្ថបទ៖ រង្សី