ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបង្ហាញពីគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេសនៅកម្ពុជា ដោយផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី ជាមួយគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) និងគណៈប្រតិភូ ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Design Institute Co., Ltd (Energy China YNPD) ដឹកនាំដោយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Lu Wei បានឱ្យដឹងថា គោលបំណងនៃការពិភាក្សាការងារនាពេលនេះ គឺដើម្បីជម្រាបជូន ពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុន Energy China YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។ គម្រោងតំបន់ថាមពលពិសេសនេះនឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ ជា វុទ្ធី បានបង្ហាញការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤ កន្លងទៅ គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូ ក្រុមហ៊ុន AIAI នេះម្តងរួចមកហើយ ដែលពេលនោះក្រុមហ៊ុនបានស្នើសុំជួបពិភាក្សា ក៏ដូចស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹង ផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២- ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម៕ អត្ថបទ៖ រង្សី