រយៈពេល៦ខែ ទីផ្សារមូលបត្រកម្មសិទ្ធិនៅកម្ពុជាមានទំហំប្រមាណ ២,៧ ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច


យោងតាមរបាយការណ៍ “ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគប្រចាំត្រីមាសទី២ ឆ្នាំ២០២៤” របស់និយ័តករមូលបត្រកម្ពុជា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ទីផ្សារមូលបត្រកម្មសិទ្ធិនៅកម្ពុជាមានទំហំទឹកប្រាក់ចំនួនប្រហែល ២,៧៣ ប៊ីលានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលនេះបានឱ្យដឹងថា នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (ផមក) មានផលិតផលចំនួន ២ប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដោយនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ១០ ហើយមានមូលបត្របំណុលចំនួន ៧ បានដល់ឥណប្រតិទាន)។

របាយការណ៍បានបង្ហាញថា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល ១១,២២ ទ្រីលានរៀល (ប្រហែល ២,៧៣ ប៊ីលានដុល្លារអាមេរិក) និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០.៥៨៧.០៣៧ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩២,៣៩% និងទីផ្សារកំណើនមានចំនួនប្រហែល ៧,៦១% នៃទំហំជួញដូរសរុប។ ដោយឡែកចំពោះ ទីផ្សារមូលបត្របំណុលពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទីផ្សារមូលបត្របាន និងកំពុងតែមានការរីកចម្រើន និងបានឆ្លុះបញ្ចាំងឱ្យឃើញថា ទាំងក្រុមហ៊ុន និងវិនិយោគិនកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះ ខណៈដែលទីផ្សារមូលបត្រនេះបានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិនផងដែរ។

គិតត្រឹមចុងឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២២ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន១១ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ហើយក្រុមហ៊ុនទាំង ២២ នេះ បានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៣៥៩ លានដុល្លារអាមេរិក៕