អ្នកជំនាញផ្សារហ៊ុន៖ សេដ្ឋកិច្ច មិនអាចរីកចម្រើនអស់សក្តានុពល ប្រសិនបើវិស័យមូលបត្រមិនរីកចម្រើន

សង្គម​ និង​សេដ្ឋកិច្ច


លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ មិនអាចរីកចម្រើនអស់សក្តានុពលបានឡើយ ប្រសិនបើវិស័យមូលបត្រមិនរីកចម្រើន។ ដូច្នេះទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវចូលរួមក្នុងវិស័យនេះដើម្បីផលប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងមូល»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបន្ថែមថា ជាង១០ឆ្នាំហើយដែលកម្ពុជាព្យាយាមអភិវឌ្ឍន៍វិស័យមូលបត្រ ដើម្បីឱ្យក្លាយជាបង្អែកដ៏រឹងមាំមួយសម្រាប់សេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នទោះវិស័យនេះមានភាពរីកចម្រើនយឺតជាងប្រទេសជិតខាង ដូចជា វៀតណាម និងថៃក្តី ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមូលបត្រកម្ពុជាមានសន្ទុះរីកចម្រើនខ្លាំងគួរកត់សម្គាល់។

នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីក្រោមកិច្ចសហការរវាងផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ហុង សុហួរ បានថ្លែងឱ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១៨មក វិស័យមូលបត្រកម្ពុជាទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុក ដោយកើននូវការជួញដូរប្រចាំថ្ងៃក្នុងទំហំប្រាក់ប្រមាណ១ម៉ឺនដុល្លារក្នុងឆ្នាំ២០១៧ កើនដល់ជាង២ម៉ឺនដុល្លារក្នុងមួយថ្ងៃសម្រាប់ឆ្នាំ២០១៨។ សម្រាប់ឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុនជាមធ្យមនៅក្នុងទីផ្សារបានឡើងដល់១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ទំហំនេះកើនដល់ជាង២៥ម៉ឺនដុល្លារក្នុងមួយថ្ងៃសម្រាប់ឆ្នាំ២០២០។

លោកអគ្គនាយកCSX បានលើកឡើងថា តួលេខទាំងនេះបានបង្ហាញឱ្យឃើញថា វិស័យមូលបត្ររបស់កម្ពុជា ជាពិសេសទីផ្សារភាគហ៊ុន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែ កំណើននេះហាក់មានកម្រិតនៅឡើយបើធៀបទំហំសេដ្ឋកិច្ចជាតិដែលមានប្រមាណ៣០លានដុល្លារអាម៉េរិក។ក្នុងមួយឆ្នាំៗ ម្ចាស់អាជីវកម្មនៅយើងស្រុកកៀរគរទុនពីទីផ្សារមូលបត្របានមិនដល់១០០លានដុល្លារផង តែប្រទេសជិតខាងថៃ និងវៀតណាមវិញ គេកៀរគរទុនពីវិស័យនេះបានដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ទោះ វឌ្ឍនភាពនៃវិស័យមូលបត្រកម្ពុជានៅយឹតឆ្ងាយខ្លាំង ពីប្រទេសជិតខាងយ៉ាងនេះក្តីតែលោកអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាមើលឃើញបញ្ហានេះគឺសក្តានុពល៕