កម្ពុជា និងជប៉ុននឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ប្រមាណ ៥៥ លានដុល្លារអាមេរិកសម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែ បញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) (III)។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក អឺអិណុ អាស៊ីស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែ បញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) (III) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ប្រភពដដែល បានបន្តថា ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្តល់ឥណទានសម្បទាននេះក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ រង្សី