លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា នឹងខិតខំពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យឈានដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតតិចតួចនៅឡើយ។
ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតតែងតាំងថ្មី បានលើកឡើងថា យោងតាមទស្សនវិស័យថ្មី កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។
ក្នុងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជាវិញ លោកទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែលោកនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម ខណៈសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សា។
សូមបញ្ជាក់ដែរថា ក្រៅពីលើកឡើងពីការប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយកម្ពុជា លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ ពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។ លើសពីនេះ លោកក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រដែលត្រូវប្រើរយៈពេល ២ ខែឯណោះ៕ អត្ថបទ៖ រង្សី