ក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញចំណាប់អារម្មណ៍ចាប់យកឱកាសវិនិយោគក្នុងវិស័យកសិកម្ម ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងពិនិត្យលទ្ធភាពបោះទុនវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ផងដែរ។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុន ខណៈលោកក៏បានថ្លែងអរគុណចំពោះអគ្គនាយកក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក ហើយបានណែនាំមិត្តភក្តិជាវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
ជាក់ស្តែង លោក យុន ហេង អះអាងថា ការណែនាំក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនមានជំនាញក្នុងវិស័យកសិកម្មនេះ ដើម្បីមកពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់អ្នកវិនិយោគ មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះ លោកបានស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។
គួរបញ្ជាក់ថា ទាក់ទិននឹងគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជានេះដែរ តំណាងក្រុមហ៊ុន SHAN CUN GROUP បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ រង្សី