ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៥.៦% នៅឆ្នាំ ២០២៤ និង ៥.៩% នៅឆ្នាំ ២០២៥។

របាយការណ៍របស់ AMRO បានឱ្យដឹងថា៖កំណើនសេដ្ឋកិច្ចនេះ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ។ វិស័យទេសចរណ៍ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ទោះបីជាមានការព្យាករកំណើនប្រកបដោយសុទិដ្ឋិនិយមក៏ដោយ កម្ពុជាប្រឈមនឹងហានិភ័យខាងក្រៅមួយចំនួដូចជាការធ្លាក់ចុះសក្តានុពលនៅក្នុងសេដ្ឋកិច្ចធំៗដូចជា ប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់តម្រូវការសម្រាប់ការនាំចេញរបស់កម្ពុជា។ លើសពីនេះ ការប្រែប្រួលនៃតម្លៃទំនិញពិភពលោកបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសក្នុងវិស័យដូចជាអាហារ និងថាមពល។

វិស័យធនាគាររបស់កម្ពុជាកំពុងរងសម្ពាធពីការកើនឡើងនៃអត្រាឥណទានមិនដំណើរការ (NPLs) ជាពិសេសនៅក្នុងវិស័យដូចជាអចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន។ ការវិភាគរបស់ AMRO បានបង្ហាញថា ខណៈពេលដែលវិស័យធនាគារនៅតែមានភាពធន់ជារួម ធនាគារមួយចំនួន ដែលងាយរងគ្រោះពីវិស័យទាំងនេះ អាចប្រឈមមុខនឹងបញ្ហាប្រឈមទាក់ទងនឹងដើមទុន។ចំណែកវិស័យអចលនទ្រព្យនៅកម្ពុជាជាវិស័យមួយទៀត ដែលបន្តមានកំណើនទាប។
ចំណែកធនាគារពិភពលោក World Bank បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៥.៨% តែនាយករដ្ឋមន្ដ្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែតថានឹងមានរហូតដល់ទៅ ៦.៦%៕