អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ១ ៥០០លានដុល្លារ នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរសាកល្បង នៅថ្ងៃទី៨ កញ្ញានេះ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរសាកល្បង នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៤នេ ខណៈគ្រោងប្រត្តិបត្តិហោះជាផ្លូវការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ ។នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំចាត់តាំងអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៦ កញ្ញា ថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ  នឹងរៀបចំពិធីហោះហើរសម្រាប់ Flight Inspection នៅថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកបន្តថា ដំណាក់កាលទីមួយ ជាបណ្តោះអាសន្នសម្រាប់ការហោះហើរ Flight Inspectionនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៍ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ  និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។

លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ  គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤សម្រេចបានប្រមាណ៨០%ហើយ។គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4Fនេះដែរ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ ១៥០០ លានដុល្លារ។ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕