បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។

នេះបើតាមការលើកឡើងរបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូ ប៊ី អ៊ុ ស្នួល នៅខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ជា វុទ្ធី បានថ្លែងថា ការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា ដែលពេលនោះពឹងផ្អែកលើខុស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ កាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក វិទ្យាទំនើប។

លោកបន្តថា ជាលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ និងក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូប យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក និង បានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។
សូមបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ស្ថិតនៅទីតាំងប្រកបដោយយុទ្ធសាស្ត្រ សក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រៀមរួចជាស្រេច ដែលផ្ដល់ភាពងាយស្រួលដល់គ្រប់សកម្មភាពវិនិយោគ។ ក្នុងរយៈកាលជិត ២០ ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពទុនវិនិយោគនៅកម្ពុជា។

ជាក់ស្ដែងបច្ចុប្បន្ននេះ មានឧស្សាហកម្មគ្រឿងសង្ហារិម ឈើ Veneer និងផលិតផលធ្វើពីឈើ ឧស្សាហកម្មយានយន្តនិងគ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រផលិតសំបកកង់យានយន្ត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានេះ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់។
រយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ CDC បានអនុម័តគម្រោងសរុប ៣៩១គម្រោង ដែលមានទុនវិនិយោគជាង ៧.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង៕