ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបន្តកិច្ចប្រជុំត្រីភាគីលើកទី៣ របស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ តំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយតួលេខកំណើនពីចំនួន ១៤ដុល្លារអាម៉េរិក មកចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារអាម៉េរិក ទៅចំនួន ២ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ កញ្ញា កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងតំណាងភាគីនិយោជកចំនួន ២លើក។ជាមួយគ្នានោះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារ ក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារ ក្នុងមួយខែ នៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ និងឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សា អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត នៅដដែល ជាមធ្យមកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី២២១ដុល្លារ ដល់២៣២ដុល្លារ ក្នុងមួយខែ៕