គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានអនុវត្តតាមផែនការបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព និងអនុលោមភាពស្តង់ដារបច្ចេកទេសនៃការសាងសង់។នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ផន រឹម បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើឱ្យដំណើរការគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យដដែល បន្តថា មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានាបានការអនុលោមភាពស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។

បន្ថែមពីនេះ លោកថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចាត់ឱ្យភាគីពាក់ព័ន្ធ ចុះទៅពិនិត្យតម្រាយផ្លូវ, ទីតាំងការដ្ឋាន, កន្លែងស្នាក់នៅ, ការិយាល័យបំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ, បន្ទប់ពិសោធន៍សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់ចំណុចបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ផងដែរ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕ អត្ថបទ៖ រង្សី
