ក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយរបស់ប្រទេសចិន ដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត បានបង្ហាញការចាប់អារម្មណ៍ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសចិន។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមរយៈជំនួបនោះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុន Wanli Stone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតជាច្រើនដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត៕
