ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុងវិស័យយានយន្តរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ទាំងក្នុងសកម្មភាពផ្តុំដំឡើងយានយន្ត និងផលិតគ្រឿងបង្គំយានយន្ត។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត។ ទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានភាពអនុគ្រោះ សម្រាប់ការនាំចេញទៅទីផ្សារសំខាន់ៗ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានសក្តានុពលសម្រាប់វិនិយោគិនក្នុងវិស័យយានយន្ត។
CDC បន្តថា ចំនួនក្រុមហ៊ុនផ្តុំដំឡើងយានយន្ត និងក្រុមហ៊ុនផលិតគ្រឿងបង្គំយានយន្តមានការកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា។ បច្ចុប្បន្ន ប្រទេសជប៉ុន កូរ៉េ និងចិន គឺជាប្រភពទុនវិនិយោគសំខាន់ជាងគេ ខណៈដែលប្រទេសថៃ និងជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ វត្តមាននៃក្រុមហ៊ុនផ្តុំដំឡើងយានយន្ដល្បីៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន Toyota និង RMA ព្រមទាំងក្រុមហ៊ុនផលិតគ្រឿងបង្គំដូចជា Denso និង Sumitomo ជាដើម ដែលបញ្ជាក់ពីភាពជោគជ័យរបស់វិស័យយានយន្តនៅកម្ពុជា និងសក្តានុពលរបស់វិស័យនេះនាពេលអនាគត។

បើតាម CDC ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុង វិស័យយានយន្តរបស់កម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ទាំង ក្នុងសកម្មភាពផ្តុំដំឡើងយានយន្ត និងផលិតគ្រឿងបង្គំយានយន្ត។ក្នុងនោះ ទុនវិនិយោគសរុបប្រមាណ ១.៦៨៧ លានដុល្លារអាម៉េរិក (គិតត្រឹមខែមេសា ឆ្នាំ២០២៤)។
ទន្ទឹមនឹងនោះ ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ៤០ ម៉ឺន គ្រឿងត្រូវបានផលិតជាប្រចាំឆ្នាំ ម៉ូតូគឺជាទីផ្សារមួយដ៏ធំរបស់កម្ពុជាដែលនេះជាមូលហេតុ ទាក់ទាញឱ្យក្រុមហ៊ុនតម្លើង និងផលិតគ្រឿងបង្គំយានយន្តជា ច្រើនមកធ្វើការបោះទុនវិនិយោគនៅកម្ពុជាផងដែរ៕