កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម របស់ក្រុមហ៊ុន ជីប ម៉ុង បាន សហការជាមួយគណៈអភិបាល នៃស្រុកបន្ទាយមាស ខេត្តកំពត និងក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពស្រុក បានរៀបចំកម្មវិធីសប្បុរធម៌ ដោយចុះពិនិត្យសុខភាព ព្យាបាល ចែកថ្នាំសង្គ្រោះបឋម និងប្រឹក្សាយោបល់អប់រំពីសុខភាព ជាលើកទី៩ ជូនប្រជាសហគមន៍ប្រមាណជិត ២០០នាក់ ដោយឥតគិតថ្លៃ។

សកម្មភាពមនុស្សធម៌លើកទី៩ រៀបចំកម្មវិធីនាំក្រុមគ្រូពេទ្យជំនាញចុះពិនិត្យព្យាបាល ចែកថ្នាំសង្គ្រោះបឋម ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី នាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសុខភាពសាធារណៈ និងចែករំលែកសារអប់រំពីសុខភាព ជូនប្រជាសហគមន៍ទូទៅ ជាពិសេសលោកយាយ លោកតា ដែលមានវ័យចាស់ជរា។
សកម្មភាពមនុស្សធម៌ ជួយសហគមន៍ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃស្រុកបន្ទាយមាស ខេត្តកំពត ពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ជាលើកទី៩នេះ ក៏ទទួលបានការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់អភិបាលស្រុក ក្រុមគ្រូពេទ្យ ជាពិសេសប្រជាពលរដ្ឋដែលអញ្ជើញមកទទួលយកថ្នាំសង្កូវសង្គ្រោះបឋម និងសេវាពិនិត្យ អប់រំ និង ប្រឹក្សាយោបល់ពីសុខភាព ដោយឥតគិតថ្លៃនេះ។

ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តម នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស បានមានប្រសាសន៍ថា៖ វិស័យឯកជនពិតជាសំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍសង្គមរបស់យើង ជាពិសេសក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បានចូលរួមអភិវឌ្ឍនៅក្នុងស្រុកបន្ទាយមាស ជាច្រើនដូចជា ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុខភាព អនាម័យ ប្រព័ន្ធធារាសាស្រ្តជាដើម។
លោកស្រី ប៉ែន មុនីរះ អនុប្រធាន មណ្ឌលសុខភាព ទូកមាស បានលើកឡើងថា៖ នេះជាលើកទី៩ហើយដែរ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បានផ្តល់កត្តិយស អញ្ជើញក្រុមការងាររបស់ពួកយើង ចុះមកជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយមាសនេះ។
ក្រៅពីការជួយត្រលប់ទៅសង្គម អ្វីដែលគួរជាទីមោទនជាងនេះទៀតនោះ ក្នុងនាមជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ក្នុងស្រុកឈានមុខគេ ដែលបានបោះទុនវិនិយោគរហូតដល់ជាង ២៦២លានដុល្លារ និងបានដំណើរការរោងចក្រតាំងពីឆ្នាំ២០១៧ មក ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេនខបភើរេសិន ក៏បានរួមចំការបង្កើតប្រាក់ចំណូល ជាពិសេសឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានបានយ៉ាងច្រើនថែមទៀតផង។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន គឺជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ ក្នុងស្រុក វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ឈានមុខគេ ដែលបាននឹងកំពុងចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានតាមគ្រប់រូបភាព ជាពិសេស តាមរយៈសកម្មភាព នៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រួមមាន៖ ដូចជាការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុខភាព អនាម័យ ប្រព័ន្ធធារាសាស្រ្តជាដើម ៕
















