ស្របពេលនៃដំណើរទស្សនកិច្ចការងាររបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអ្នកចូលរួមគូសវាសឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ក្នុងការចរចាជំពូកស្តីពីវិនិយោគក្រោមកិច្ចព្រមព្រៀង RCEP កាលពីឆ្នាំ២០១១ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ RCEP ក្នុងគោលបំណងចែករំលែកនូវទស្សនទាន ក៏ដូចជាបទពិសោធនៃការចរចាច្រើនជុំរហូតដល់ឆ្នាំ២០១៤ ជាមួយវាគ្មិននៃប្រទេសហត្ថលេខី និងសហគមន៍ធុរកិច្ចដែលបានចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។
មានមតិក្នុងសុន្ទរកថាគន្លឹះ លោកអគ្គលេខាធិការរងបានគូសរំលេចអំពីសាវតារនៃការចរចា ក៏ដូចជាចំណុចពិសេសនៃជំពូកស្តីពីវិនិយោគបើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីផ្លែផ្កាដែលព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងតែប្រមូលផលពីកិច្ចព្រមព្រៀងដ៏មានឧត្តមប្រយោជន៍មួយនេះដោយរាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមសកម្មភាពពាណិជ្ជកម្មនិងវិនិយោគ។
បន្ថែមពីនេះ លោកក៏បានឆ្លៀតយកឱកាសនៃវេទិកាខាងលើផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពថ្មីនៃបរិស្ថានធុរកិច្ច ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគទៅកាន់អ្នកចូលរួមផងដែរ។
គួរជម្រាបជូនផងដែរថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដ៏ធំមួយក្នុងប្រវត្តិសហសម័យរបស់ពិភពលោកដែលមានវិសាលភាពគ្របដណ្តប់ផលិតក្នុងស្រុកសរុប និងប្រជាជនសកលប្រមាណ៣០%៕