កម្ពុជាស្នើឱ្យក្រុមហ៊ុនចិនបណ្ដាក់ទុនវិនិយោគលើវិស័យកំពង់ផែនិងភស្តុភារនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបានស្នើឱ្យក្រុមហ៊ុនធំមួយដែលមានបទពិសោធន៍លើការអភិវឌ្ឍវិស័យកំពង់ផែនិងភស្តុភារ មកបណ្ដាក់វិនិយោគលើវិស័យនេះ នៅកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចស្វែងរកវិនិយោគ នៅប្រទេសចិន នាពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យក្រុមហ៊ុន Xiamen Xiangyu Group ( XMXYG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្តុភារកម្ម និងជាក្រុមហ៊ុនកំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូ ក្នុងទីក្រុងសៀមិនប្រទេសចិន មកបណ្ដាក់ទុនវិនិយោគវិស័យកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា ។

លោកក៏បានបង្ហាញកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែនិងគម្រោងព្រែកជីកហ្វូណនតេជោជាដើមទៅកាន់ក្រុមហ៊ុន XMXYG របស់ចិន ដើម្បីទាក់ទាញក្រុមហ៊ុននេះ មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល ក្នុងការទៅទាក់ទាញវិនិយោគិនចិនមកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជានាពេលនេះ ក៏បានជួបជាមួយក្រុមហ៊ុនមួយចំនួនទៀតរបស់ចិន ដូចជាក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត កំពុងបណ្ដាក់ទុននៅកម្ពុជា ។

នៅក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ក្រុមហ៊ុនមួយនេះ បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការពង្រីកការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងប្រទេសកម្ពុជា ដោយពេលនេះតំណាងក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនកំពុងសិក្សានិងពិនិត្យរកទីតាំងដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ។

នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិន លើកទី២៤ សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម នៅថ្ងៃទី៨ កញ្ញា ២០២៤ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា ។ តាមរយៈការវិនិយោគ កម្ពុជាអាចកសាង ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីកចម្រើននៃធុរកិច្ចឧស្សាហកម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ ។

លោកបានបន្ថែមថា តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្តូរកម្លាំងពលកម្ម ដែលអាចបង្កើតការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើតចំណងនៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ នានានៅលើសាកលកលោក ៕