គិតត្រឹមបច្ចុប្បន្ន រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវសរុបប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានចំនួន១៦ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន នាសាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ជំនួបខាងលើ រៀចចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួនដែលវិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ។
លោកបន្តថា ជាក់ស្ដែងដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ក៏បានបង្ហាញការប្តេជ្ញាចិត្តនឹងជួយជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគក្នុងគម្រោងនេះអនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨ផងដែរ។
គួរបញ្ជាក់ដែរថា នៅក្នុងជំនួបរវាងភាគីទាំងពីរ ក៏បានឱ្យដឹងថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀតត្រូវបានសាងសង់ឡើង។បន្ថែមនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ ក៏បានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ។
សូមរម្លឹកដែរថា ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប៕ អត្ថបទ៖ រង្សី