ក្រុមហ៊ុនចំនួន៥ មកពីអាមេរិក មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក មកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនោះ ក្រុមហ៊ុនចំនួន៥ មកពីសហរដ្ឋអាមេរិក មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។
សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា៕




