ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុបប្រមាណជាង ២៧ លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ នេះបើតាម សេចក្តីប្រកាសពត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។

សេចក្តីប្រកាសពត៌មានដដែលនេះ បានឱ្យដឹងថា សម្រាប់ការប្រមូលចំណូលប្រចាំខែសីហា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការប្រមូលចំណូលសរុបបានចំនួនជាង ៤ លានដុល្លារអាម៉េរិក កើនឡើង ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួន ៣,៨ លានដុល្លារអាម៉េរិក, ចំណូលពីអាជ្ញាធរផែ ជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។

រីឯការប្រមូលចំណូលនៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៤ នេះវិញ, ឃើញថា ការប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនសរុបជាង ២៧ លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារអាម៉េរិក, ចំណូលពីអាជ្ញាធរផែ ជាង ៣ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៩៦ម៉ឺនដុល្លារ៕
