សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំចំនួន៨០រោងម៉ាស៊ីន ដែលមានបំពាក់បរិក្ខាគ្រប់គ្រាន់តាមបទដ្ឋានអន្តរជាតិ និងមានសមត្ថភាពកែច្នៃនាំចេញបាន៣លានតោនក្នុងមួយឆ្នាំ។
សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី មានប្រសាន៍ថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជា មានរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំ២៧០ ទីតាំង ក្នុងនោះ ចំនួន៨០ ដែលមានស្តង់ដារ ហើយអាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ លើផ្នែកសុវត្ថិភាពចំណីអាហារ និងមានលទ្ធភាពសម្ងួតស្រូវ៥០ពាន់តោន (ស្រូវសើម)ក្នុងមួយថ្ងៃ ព្រមទាំងមានលទ្ធភាពកិន និងផ្គត់ផ្គង់អង្ករនាំចេញបានជាង៣លានតោន ក្នុងមួយឆ្នាំ។
សម្តេចធិបតី បន្តថា ទាំងនេះសុទ្ធសឹងជាលទ្ធផល និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលសំដៅធានាភាពធន់ និងនិរន្តរភាពលើវិស័យនេះ។
ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យ ស្រូវអង្ករនេះ និង បានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ។ ទន្ទឹមនឹងនេះ ការនាំចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង ដោយពន្ធ និង អាករជាបន្ទុករបស់រដ្ឋ។
សូមជម្រាបជូនផងដែរថា ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ពាន់លានដុល្លារ។ដោយឡែក គិតក្នុងរយៈពេល ១២ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលកម្ពុជាបាននាំចេញអង្ករបានចំនួន ៧០៥,៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩តោន៕