ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋានឱ្យបាន ១,០០០នាក់ ដើម្បីជួយផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ រួមទាំងអាណត្តិទី៧នេះ មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ។ ជាក់ស្តែង សម្តេចថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ៖១.ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ២.ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និង៣.ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សម្តេចធិបតី បានបន្តថា កម្មវិធីគោលនយោបាយទាំងបីនេះ បាន និង កំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ។
លើសពីនេះ សម្តេចធិបតី អះអាងថា៖«សម្រាប់ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ក៏បានជ្រើសរើស និងបណ្តុះបណ្តាលបានចំនួន ២៥០ នាក់ រួចហើយ និងគ្រោងប្រឡងជ្រើសបន្ថែមដល់ចំនួន១០០០នាក់នៅឆ្នាំក្រោយ ដើម្បីពន្លឿនកាលដាក់ពង្រាយមន្រ្តីកសិកម្មសម្រាប់ជួយផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ»។
គួរបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានប្រជាពលរដ្ឋជាង៥៦ម៉ឺនគ្រួសារ ក្រៅពីនោះក៍មានកម្មវិធីឧបត្ថមផ្សេងៗ ដូចជាការឧបត្ថមសា់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារមានអាយុក្រោមពីរឆ្នាំ។ ក្រៅពីនេះ គឺរាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុគ្រោះដល់វិស័យឯកជន ដូចជាការលើកលែង ឬបន្ធូរបន្ថយពន្ធអាករលើដីកសិកសិកម្មជាដើម។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅតែបានអះអាងបន្ថែមទៀតថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា៕ អត្ថបទ៖ រង្សី