ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនឹងតម្លើងសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្រេចតម្លើងសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតនេះធ្វើឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ក្រសួងទេសចរណ៍បានជូនដំណឹងនេះដល់ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាដំឡើងសុពលភាពអាជ្ញាបណ្ណមគ្គុទេសក៍ទេសចរណ៍គ្រប់កម្រិតពីសុពលភាពរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំ ដោយរក្សាកម្រៃអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍នៅដដែល។ ដែលការអនុវត្ដន៍នេះនឹងគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ក៏បានចេញសេចក្ដីជូនដំណឹងមួយដែរ ស្ដីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ដពីមគ្គុទេសក៍ទេសចរណ៍ ដោយរដ្ឋាភិបាលសម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕