សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ទ្វេភាគី។ សម្ដេចតេជោ ស្នើបែបនេះ នៅក្នុងជំនួបពិភាក្សារវាងសម្តេច ជាមួយ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) កាលរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរៀបរាប់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានាពេលកន្លងមក ដើម្បីជំរុញទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។សម្តេចតេជោបន្តថា ការផ្លាស់ប្ដូរវប្បធម៌នេះ ពិតជាមានតម្លៃណាស់ ព្រោះមិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋផងដែរ ហើយការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏នឹងពង្រឹងវិស័យទេសចរណ៍ថែមទៀត។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយ សម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះ។ សម្ដេចតេជោ បានស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ ទំនាក់ទំនងប្រជាជន និងប្រជាជន និងធ្វើឱ្យសកម្មភាពឱ្យសកម្ម និងជានិរន្តរភាព។
ជាមួយគ្នានេះ លោកប្រធានសមាគមវប្បធម៌កូរ៉េ ក៏បានជម្រាបជូនអំពីសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ខណៈលោកថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។
លោកបន្តថា នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ សមាគមនិងរៀបចំធ្វើរាត្រីស្រមោលសសប្បុរសធម៌មួយនៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។លើសពីនេះ លោកថា សមាគមវប្បធម៌កូរ៉េ ក៏មានគម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌ល្បីរបស់កូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើសមាគមវប្បធម៌កូរ៉េ ក៏មានបំណងក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពីក្រុមជំនាន់ថ្មី ជាពិសេសក្រុម កូនកាត់គ្រួសារ ខ្មែរ-កូរ៉េ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាស្វែងយល់គ្នាទៅវិញទៅមក ដើម្បីបានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ រង្សី