លោក សាយ សំអាល់៖ ពិព័រណ៍សំណង់បង្ហាញនូវសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

«ពិព័រណ៍ខេមបៀល CAMBUILD 2024 បានបង្ហាញនៃគំរូដ៍ល្អឥតខ្ចោះស្របតាមផែនការ និងគោលដៅរបស់រដ្ឋាភិបាលយើង សម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព។ វេទិកាដ៏សំខាន់នេះ ជាភស្តុតាងសម្រាប់បង្ហាញនូវសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ ដែលយើងត្រូវការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង»។ នេះបើតាមការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ នៅក្នុងពិធីបើកពិព័រណ៍សំណង់២០២៤ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សាយ សំអាល់ បានលើកឡើងថា៖ អ្នកជំនាញក្នុងវិស័យឧស្សាហកម្មជាង ១ម៉ឺននាក់ ត្រូវបានរំពឹងថានឹងទទួលបានផលប្រយោជន៍ពីព្រឹត្តិការណ៍ពិព័រណ៍សំណង់ដ៏ធំបំផុតរបស់កម្ពុជា  CAMBUILD 2024 និងទទួលបានឱកាសដើម្បីស្វែងយល់ បង្កើនចំណេះដឹង និងបទពិសោធន៍ក្នុងឧស្សាហកម្មសំណង់ជាមួយនិងបច្ចេកវិទ្យាចុងក្រោយបង្អស់។

ព្រឹត្តិការណ៍ពិព័រណ៍ខេមបៀល២០២៤ ត្រូវបានចាត់ទុកជាសក្ខីភាពនៃភាពរីកចម្រើនឡើងវិញនៃឧស្សាហកម្មសំណង់របស់កម្ពុជា គួរឱ្យកត់សម្គាល់។ ព្រឹត្តិការណ៍មួយនេះ រំលេចចេញ និងផ្តោតសំខាន់លើការច្នៃប្រឌិត និងឱកាសកសាងទំនាក់ទំនងនៅក្នុងវិស័យដែលបានបើកបង្ហាញការដាក់តាំងជាផ្លូវការ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) ។

ការតាំងពិព័រណ៍អន្តរជាតិមួយនេះ នឹងនាំមកនូវអ្នកផ្គត់ផ្គង់នៅក្នុងឧស្សាហកម្ម អ្នកវិនិយោគិន និងអ្នកប្រឹក្សាយោបល់ជាមួយគំនិតច្នៃប្រឌិតជាច្រើនរួមគ្នា ដើម្បីញ៉ាំងឱ្យវេទិកានេះកាន់តែទូលំទូលាយប្រកបដោយកិច្ចសហប្រត្តិបត្តិការយ៉ាងទូលំទូលាយ និងការរីក ចម្រើន។

លើសពីនេះ ក៏បានបង្ហាញអំពីទិដ្ឋភាពឧស្សាហកម្មសំណង់របស់កម្ពុជា ស្របតាមគោលដៅនៃការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតា ស្របតាមការកើនឡើងនៃលំហូរវិនិយោគបរទេស និងជាកាតាលីករសម្របសម្រួលការតភ្ជាប់ដ៏សំខាន់ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្ហាញពីវឌ្ឍនភាពចុងក្រោយបង្អស់ដែលជំរុញឱ្យឧស្សាហកម្មនេះបន្តឆ្ពោះទៅមុខ។

អ្នកស្រី Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets មានប្រសាសន៍ថា “CAMBUILD 2024 ជាព្រឹត្តិការណ៍បង្ហាញថេរវេលាផ្លាស់ប្តូរមួយសម្រាប់ឧស្សាហកម្មសំណង់របស់កម្ពុជាជាមួយនិងការដោះដូរកិច្ចសន្ទនា និងការផ្គូរផ្គង់កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ។

សារៈសំខាន់នៃការតាំងពិព័រណ៍នេះត្រូវបានគូសបញ្ជាក់ដោយការគាំទ្រពី ក្រសួងពាណិជ្ជកម្ម ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និង បណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន។

បន្ថែមលើសពីនេះ សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ានក៏មានការគាំទ្រផងដែរ ដោយបញ្ជាក់បន្ថែមថា ខេមបៀល CAMBUILD ជាព្រឹត្តិការណ៍សម្រាប់ឧស្សាហកម្មសំណង់ឈានមុខគេនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនដាក់តាំងមានទាំងក្នុងស្រុកនិងអន្តរជាតិ បាននាំមកនូវ ផលិតផល និងម៉ាកល្បីៗជាង ៣០០ សម្រាប់បង្ហាញនៅក្នុងព្រិត្តិការណ៍នេះ រួមមាន ប្រទេសសិង្ហបុរី ចិន ម៉ាឡេស៊ី កូរ៉េ ឥណ្ឌា តៃវ៉ាន់ ថៃ វៀតណាម ជាមួយ    បច្ចេកវិទ្យា និងសេវាកម្មទំនើបបំផុតរបស់ពួកគេ។ វត្តមានព្រឹត្តិការណ៍អន្តរជាតិនេះផ្តល់ឱ្យអ្នកចូលរួមនូវឱកាសពិសេសមួយដើម្បីស្វែងយល់ពីការវិវត្តន៍ល្អបំផុតជាសកលនិងការច្នៃប្រឌិតថ្មីៗដើម្បីអោយកម្ពុជាអាចវិវត្តទាន់    សមាហរកម្មបច្ចុប្បន្ននិងអនាគត៕