លោក យ៉ង សាំងកុមារ៖ ស្រូវសែនក្រអូបមានតម្រូវការច្រើនសម្រាប់ការកែច្នៃជាអង្ករនាំចេញដោយរោងម៉ាស៊ីនក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្រូវសែនក្រអូបដែលជាស្រូវរបស់ខ្មែរមានតម្លៃល្អ (ជាមធ្យម ១៤០០រៀល ក្នុងមួយគីឡូ) គឺខ្ពស់ជាងឆ្នាំកន្លងមក ហើយមានតម្រូវការច្រើនសម្រាប់ការកែច្នៃជាអង្ករនាំចេញដោយរោងម៉ាស៊ីនក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ទីផ្សារនិងតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ ស្រូវសែនក្រអូបដែលជាស្រូវរបស់ខ្មែរមានតម្លៃល្អ (ជាមធ្យម ១៤០០ រៀលក្នុងមួយគីឡូ) គឺខ្ពស់ជាងឆ្នាំកន្លងមក ហើយមានតម្រូវការច្រើនសម្រាប់ការកែច្នៃជាអង្ករនាំចេញដោយរោងម៉ាស៊ីនក្នុងស្រុក។ស្រូវស្រងែ ជាមធ្យម ១ ២៨០ រៀលក្នុងមួយគីឡូ) ដែលជាពូជស្រូវក្នុងស្រុកក៏មានតម្លៃខ្ពស់ដែរបើធៀបទៅឆ្នាំកន្លងមក តែតម្រូវការនៅតិចជាងសែនក្រអូប។

ចំណែកតម្លៃស្រូវ OM5451 ( ជាមធ្យម ៩៥០ រៀលមួយគីឡូ) មានការថយចុះបើធៀបទៅនឹង ២០២៣ តែនៅខ្ពស់ជាងឆ្នាំ ២០២០ , ២០២១ (ធ្លាប់ធ្លាក់ដល់ជាមធ្យម ៧៧០ រៀលមួយគីឡូ) និង ២០២២ ហើយតម្រូវការក្នុងស្រុកតិចជាងស្រូវសែនក្រអូប និងស្រងែ។ភាគច្រើនស្រូវនេះនាំទៅវៀតណាម។

ជាមួយគ្នានោះ លោក យ៉ង សាំងកុមារ ក៏បានលើកទឹកចិត្តឱ្យកសិករផលិតស្រូវពូជសែនក្រអូប ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក មានទីផ្សារ និងតម្លៃមានស្ថេរភាពល្អ។

លោកបន្តថា ម្យាងវិញទៀត ការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនឹងបង្ករភាពងាយស្រួលដល់ក្រសួងកសិកម្មជួយដោះស្រាយបញ្ហាទីផ្សារនិងរក្សាស្ថេរភាពថ្លៃស្រូវជូនកសិករ។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជំរុញឱ្យប្រជាកសិករ ឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ផងដែរ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លើសពីនេះ វាជាពូជស្រូវស្រាល មិនប្រកាន់រដូវ និងអាចដាំដុះបាន ២-៣ដងក្នុងមួយឆ្នាំ ជាពិសេស រោងម៉ាស៊ីនកិនស្រូវ និងសហព័ន្ធស្រូវអង្ករ បានប្ដេជ្ញាចិត្តលើកកម្ពស់ពូជស្រូវនេះ នៅលើទីផ្សារទាំងជាតិ និងអន្ដរជាតិ ដោយទទួលទិញពីប្រជាកសិករ ក្នុងតម្លៃខ្ពស់ជាងពូជផ្សេងៗ៕