កម្ពុជា បានសម្លឹងឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកាន់ខ្ជាប់យន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស (Consensus) មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន។
នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ៖«មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» កាលថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន។
សម្តេចតេជោ បញ្ជាក់ទៀតថា សហគមន៍អន្តរជាតិ បានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែងកន្លងមកនេះ សម្តេចថា មានប្រទេស ៥៤ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់ ៩៥ប្រទេសផងដែរ។
សម្ដេចតេជោ បន្តទៀតថា៖«កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា»។
គួរបញ្ជាក់ដែរថា ផ្ទៃក្នុងអាស៊ានគឺ អាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចតេជោ ហ៊ុន សែន៕ អត្ថបទ៖ រង្សី