កិត្តិនាមរបស់ប្រទេសកម្ពុជា នឹងបន្តភាពល្បីល្បាញនៅលើឆាកអន្តរជាតិតាមរយៈ សកម្មភាពចូលរួមបំបែកឯកទគ្គកម្មពិភពលោកលើប្រធានបទ «ការតាំងបង្ហាញ រថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000 នឹងធ្វើឡើងលើកដំបូងនៅកម្ពុជា។
កម្មវិធីផ្លូវការនៃព្រឹត្តិកាណ៍ដ៏ធំ Gumball 3000 ជាលើកដំបូងនេះរៀបចំដោយ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍, ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាង រួមទាំងមន្ត្រី និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
តាមការរំពឹងទុក ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដកម្រ និងកើតឡើងលើកដំបូងនៅកម្ពុជានេះ នឹងជួយជុំវិញ កំណើនទេសចរមកទស្សនាតំបន់អង្គរ និងប្រាសាទអង្គរវត្ថុ កាន់តែច្រើន។
ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដោយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball នឹងបើកបរថយន្តទំនើប Supercars របស់ខ្លួនមកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា នឹងមានរៀបចំព្រឹត្តការណ៍ប្រគុំតន្ត្រីខ្នាតអន្តរជាតិដ៏ ធំមួយនៅសួនច្បារវត្តបុទុមវតី ដែលមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ជាកំពូលតារាល្បីៗលំដាប់ពិភពលោក រួមជាមួយការតាំងបង្ហាញ រថយន្តទំនើបៗនៅបរិវេណវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្តេចជួនណាត។
សម្រាប់ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការរៀបចំតាំង បង្ហាញរថយន្ត Supercars, Hyper cars, និង Sportscars ច្រើនជាង ៦០០ គ្រឿងដើម្បីបំបែកឯកត្តកម្មពិភពលោក (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត។ ប្រតិភូ Gumball 3000 នឹងត្រឡប់ទៅវិញតាម ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតបន្តទៅប្រទេស ថៃ ម៉ាឡេសុី និងសឹង្ហបុរី។
ព្រឹត្តិការណ៍ដ៏ធំនេះ ក៏រំពឹងថា អាចនឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណ ៦ម៉ឺននាក់ ៕