នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់សម្ពោធចំណតផែកុងតឺន័រ រប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារជាផ្លូវការ។
ថ្លែងនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះវាជាបានតភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។
ជាងនេះទៀត សម្តេចធិបតី ក៏បានអះអាងទៀតថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹង ទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត។
សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ដោយឡែក ចំពោះចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀត ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ គឺបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក៕ អត្ថបទ៖ រង្សី