ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ដោយជូនដំណឹងអំពីការសម្រេចបន្តហាមឃាត់ការនាំចូលថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កករយៈពេល ៦ខែថែមទៀត។

រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណាវិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់នាំចេញឡើយ។
ការសម្រេចបន្តហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូក ដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល០៦ ខែបន្ថែមទៀតដែលមានសុពលភាពចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុមនីយកម្មនិងនាមវលីគយ ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអបអរសាទចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលគិតគូរដល់ជីវភាពរបស់ប្រជាកសិករ ត្បិតការនាំសាច់បង្កកនាពេលកន្លងមក បានជះឥទ្ធិពលនិងផលអវិជ្ជមានដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា។
លោកស្រ៊ុន ពៅ បន្ថែមថា៖ការបន្តផ្អាកនាំចូលចំណែកសាច់បង្កកនិងគ្រឿងក្នុង ៦ខែទៀតនេះ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ដែលចំណុចទាំងនេះហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធបានគិតគូរបានត្រឹមត្រូវ៕

