រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជាអធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។
នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង១ហិកតា។នេះបើតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤នេះថា ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម កំពុងចងក្រង បង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រង សហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់ តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា រយៈពេល ៨ ខែកន្លងមកនេះ ទិន្នផលដែលប្រមូលបានប្រមាណ៨៧ ម៉ឺនតោន នៃការផលិតទូទៅ ក្នុងនោះនាំចេញទៅវៀតណាមប្រមាណ ៨០ ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ១ពាន់២រយលានដុល្លារ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖ ទិន្នផលស្វាយចន្ទីបានកើនឡើងគួឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤ ទោះបីប្រឈមមុខនឹងបាតុភូតអេលនីណូ។ លោកបញ្ជាក់ថា កំណើននេះ ដោយសារសមាគមបានផ្ដល់ដំណោះស្រាយដល់កសិករតាំងពីខែកញ្ញា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ មានភាពមុតស្រួច និងចំគោលដៅ ដើម្បីរុញច្រានខ្សែច្រវាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទីដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាឱ្យអស់ពីសក្តានុពល។ ភាពចាំបាច់នៃយុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញគឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ, ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ, និងមានភាពប្រកួតប្រជែងខ្ពស់។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជនបាននិងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជាក៏រំពឹងថាកម្ពុជានឹងក្លាយជាប្រទេសដែលមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ជាងគេផងដែរ៕