លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងច្បាស់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
ប្រធានាធិបតីកូរ៉េ ថ្លែងបែបនេះ តាមរយៈជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតី នាប្រទេសកូរ៉។
នាឱកាសនោះ លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ទាក់ទងនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។ លោកអះអាង ថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។
ជុំវិញការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។
សូមរម្លឹកដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ) មានទឹកប្រាក់ឥណទានទឹកប្រាក់ជាង ២៤៥ លានដុល្លារ។គម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងនេះ គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)៕ អត្ថបទ៖ រង្សី