ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែននគរូបនីយកម្ម និង សំណង់ ជួបជុំគ្នាដើម្បីត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ដែលរួមមាន៖ ១.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែអនុវត្ត ដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ២.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ ខ្សែ អនុវត្តដោយកងវិស្វកម្ម តេជោហ៊ុន សែន ខេត្តសៀមរាប ៣.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប ៤.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ៥.ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៦.ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ៧.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀងនិងលូទឹកកខ្វក់មិនស្ថិតនៅក្រោម ខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៨.ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារ កាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំ ដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ និង ៩.ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ ដើម្បីទទួលបានផ្លូវមាន គុណភាពស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធិ មានជំហររឹងមាំ និងមានទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឱ្យមាន ប្រសិទ្ធភាព និងគុណភាពរឹងមាំ និងបញ្ចប់គម្រោងតាមផែនការ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងមាន ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័ន ពាក់ព័ន្ធ និងធ្វើការចុះត្រួតពិនិត្យតាមដាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ឱ្យស្របតាម ស្តង់ដារលក្ខណៈបច្ចេកទេស។ ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ ដើម្បីធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ ដែលបានកំណត់ និងត្រូវធ្វើការរាយការណ៍ជាប្រចាំជូនក្រុមការងារ ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជូនទៅគណៈកម្មការអន្តរក្រសួងផងដែរ។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា៖ ប្រសិនបើអង្គភាពអនុវត្តគម្រោងសាង សង់ណាមួយ មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា សៀវភៅបន្ទុក ប្លង់គោល ប្លង់លម្អិត និងបច្ចេកទេសសាងសង់ពាក់ព័ន្ធ ឱ្យបានម៉ឹងម៉ាត់ នោះទេ ក្រុមការងារនឹងមិនអនុញ្ញាត បន្តនីតិវិធីដើម្បីធ្វើការទូទាត់ប្រាក់ជាដាច់ខាត។

សូមរំលឹកថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


