រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជាអធិរាជស្វាយចន្ទី នាពេលអនាគត។ ជាមួយគ្នានេះ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមើលឃើញថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសអធិរាជស្វាយចន្ទីលើពិភពលោកយ៉ាងពិតប្រាកដ។
លោក តូច ប៊ុនហួរ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ បើគិតត្រឹម៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
លោកបន្តថា មកទល់ពេលនេះ កម្ពុជាមានលទ្ធភាពផលិត កែច្នៃដោយខ្លួនឯងត្រឹមតែ១០ភាគរយ ប៉ុណ្ណោះនៃគ្រាប់ស្វាយចន្ទីសរុប។ ក្រៅពីនេះ គឺជាង៨០ភាគរយ បាននាំចេញទៅកាន់ប្រទេសជិតខាងគឺប្រទេសវៀតណាម (គ្រាប់ឆៅ សើម ឬស្ងួត) ហើយមួយផ្នែកទៀត បាននាំចេញទៅប្រទេសឥណ្ឌា ចិន ម៉ាឡេស៊ី បង់ក្លាដែស។ល។
បើតាមលោក តូច ប៊ុនហួរ បានសំឡឹងឃើញ និងអះអាងថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសអធិរាជស្វាយចន្ទីលើពិភពលោកយ៉ាងពិតប្រាកដ។
ដោយលោកបានគូសបញ្ជាក់ថា ដោយសារ «កម្មវិធីគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី២០២២-២០២៧ បានកំណត់ថាឆ្នាំ២០២៧ ឱ្យកែច្នៃស្វាយចន្ទីឱ្យបានយ៉ាងតិច២៥ភាគរយ ប៉ុន្តែបើក្រឡេកមើលរយៈពេល៣ឆ្នាំចុងក្រោយនេះ ២០២២, ២០២៣, ២០២៤ ឃើញថាមានការវិនិយោគទៅលើការកែច្នៃច្រើន រហូតមកដល់ពេលនេះគឺស្ទុះបាន១០ភាគរយ ។ដូច្នេះ ចន្លោះ៣ឆ្នាំទៀត ២៥ភាគរយ យើងនឹងឈានទៅដល់»។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ក៏បានធ្លាប់បានឱ្យដឹងផងដែរថា នៅឆ្នាំ២០២៤នេះ កម្ពុជាអាចបន្តឈរលេខ២បន្តទៀតជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬកម្ពុជាអាចឈានដល់លំដាប់លេខរៀងទី១ ក្នុងតារាង នៅឆ្នាំនេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា កម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៨៥០ ០០០តោន ក្នុងនោះនាំចេញទៅក្រៅប្រទេសប្រមាណ ៧៥០ ០០០តោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ។
សូមរំលឹកផងដែរថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕