ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា ឥណ្ឌូនេស៊ី បានឈានដល់លើស១ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២២ តែនៅឆ្នាំ២០២៤នេះ រំពឹងថានឹងកើនឡើងខ្ពស់ជាងឆ្នាំមុនដោយសារមានសកម្មភាពសេដ្ឋកិច្ចច្រើនព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងដូច្នេះក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី”នាព្រឹកថ្ងៃសុក្រទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថាពិព័រណ៍នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំឡើងនៅក្រុងភ្នំពេញតាំងពីឆ្នាំ២០០៦មក។នៅឆ្នាំ២០២៤នេះជាខួបទី១៥នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍និងជាខួបទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងឥណ្ឌូនេស៊ី។
លោកស្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។
លោកស្រីរដ្ឋមន្ត្រី បានបង្ហើបជូនថាចុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល(CIEGE) លើកទី១៧”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅភ្នំពេញ។
ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នឹងមាននូវសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ការតាំងបង្ហាញនិងលក់ផលិតផល ការផ្សព្វផ្សាយទេសចរណ៍ ពិព័រណ៍កម្មវិធីអប់រំ ការសម្តែងសិល្បៈវប្បធម៌ ជំនួបផ្គូផ្គងអាជីវកម្ម ការជំរុញការវិនិយោគ ពិធីបុណ្យម្ហូប និងកម្មវិធីជជែកដេញដោល ព្រមទាំងមានស្តង់ចូលរួមជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម ដែលនឹងចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងបន្ថែមតម្លៃដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ីរួមបញ្ចូលទាំងទេសចរណ៍ការផ្លាស់ប្តូរវប្បធម៌និងការវិនិយោគ៕