អគារសំខាន់ៗចំនួន៣ ដែលស្ថិតនៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារទាំង៣ ដែលបើកការដ្ឋានសាងសង់នេះ នឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងនឹងដាក់ឱ្យ ប្រើប្រាស់ជាអគារពហុមុខងារពិសេស, មុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ទៅថ្ងៃខាងមុខនឹងមានការវិនិយោគអគារសម្រាប់ចតរថយន្តកាន់តែច្រើននៅភ្នំពេញ ព្រោះរថយន្តកាន់តែកើន ប៉ុន្តែផ្ទៃមិនរីកនោះទេ។
សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍ពីមន្ទីពេទ្យកាល់ម៉ែត បានឱ្យដឹងថា មន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងផ្តល់សេវាសុខាភិបាលដ៏សំខាន់មួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីឆ្លើយតបសេចក្តីត្រូវការកាន់តែច្រើនឡើងលើសេវាសុខាភិបាល មន្ទីរពេទ្យបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមមានការសង់អគារផ្តល់សេវាសុខាភិបាលកាន់តែច្រើន និងបំពាក់បរិក្ខាបម្រើការព្យាបាលកាន់តែទំនើបៗផងដែរ។ បើទោះបីមានអគារជាច្រើនត្រូវបានសាងសង់យ៉ាងណាក្តី ក៏មិនទាន់ឆ្លើយតបនឹងកំណើននៃតម្រូវការផ្នែកសុខាភិបាលនោះដែរ ជាហេតុតម្រូវឱ្យមន្ទីរពេទ្យត្រូវសាងសង់អគារផ្តល់សេវាសុខាភិបាលបន្ថែម។
អគារទាំង៣ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាអគារផ្តល់សេវាសុខាភិបាលដ៏ចាំបាច់បំផុតនៅក្នុងមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងសម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួនជាង៦២លានដុល្លារ (៦២,៤១៥,៦០០ដុល្លារ)៕ អត្ថបទ៖ រង្សី


