ប្រាសាទដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា គឺប្រាសាទអង្គរវត្ដ ត្រូវបានដាក់ឈ្មោះថាជាតំបន់បេតិកភណ្ឌពិភពលោក ដែលមានភាពទាក់ទាញបំផុតសម្រាប់ការថតរូបនៅអាស៊ី។
យោងតាម TimesTravel បានបង្ហាញឱ្យដឹងថា ប្រាសាទអង្គរវត្ត ឈរនៅលំដាប់កំពូល ដោយសារតែសម្រស់ដ៏អស្ចារ្យ ជាពិសេសនៅពេលព្រឹកព្រលឹម។ ចម្លាក់ដ៏ស្មុគស្មាញ ប្រឡាយទឹកដ៏ធំ និងភាពស្មុគ្រស្មាញនៃស្ថាបត្យកម្ម ដ៏អស្ចារ្យរបស់ប្រាសាទនេះ ផ្តល់នូវឱកាសថតរូបគ្មានទីបញ្ចប់ ជាពិសេសក្នុងអំឡុងពេលព្រះអាទិត្យរះ និងពេលថ្ងៃលិច។
សូមជម្រាបជូនថា ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបត្យកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។
ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយ បានរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននៅលើពិភពលោកឱ្យមកទស្សនាប្រទេសកម្ពុជាផងដែរ។ ប្រាសាទអង្គរវត្ត ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២៕