សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយពីរមណីយដ្ឋានប្រាសាទកោះកេរ” ដើម្បីបន្តជំរុញសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។ការអំពានាវនេះ គឺធ្វើឡើងតាមរយៈសារលិខិតអបអរ ក្នុងឱកាសខួប ១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងសារលិខិតខាងលើ សម្តេចធិបតី បានសម្តែងក្តីរីករាយ និងចាត់ទុកការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជី បេតិកភណ្ឌពិភពលោក គឺមហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លាសម្រាប់កម្ពុជា។ទន្ទឹមគ្នានេះ សម្តេចថា ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក៏បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើង ក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តមពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសយើងបន្សល់ទុកជូនអ្នកជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏សូមអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប១ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ដែរថា “រមណីយដ្ឋានប្រាសាទកោះកេរ” គឺជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុងនិងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិក្សាស្រាវជ្រាវ និងលើកតម្លៃឡើងវិញ។
រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕ អត្ថបទ៖ រង្សី